ភ្នំពេញៈ បុរសម្នាក់ បានធ្វើអត្តឃាតខ្លួនឯង ដោយលោតពីលើអគារពិនិត្យ ជំងឺទូទៅជាន់ទី៤ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បណ្តាលឲ្យរបួសធ្ងន់ និងបានស្លាប់ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខាងលើ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៨ និង ២០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចអគារពិនិត្យជំងឺទូទៅជាន់ទី៤ ផ្លូវ២៧១ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ លាវ វណ្ណារិន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ២២០E3 ផ្លូវព្រះសីហនុភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមន្ត្រីនគរបាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ(ចូលនិវត្តន៍)។
ប្រភពពីសន្តិសុខមន្ទីរពេទ្យខាងលើ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខ្លួនកំពុងដើរប្រចាំការ នៅក្នុងមន្ទីរពេទ្យ ពេលដើរមកដល់ចំណុចអគារពិនិត្យជំងឺទូទៅ បានឃើញជនរងគ្រោះ កំពុងឈរនិយាយទូរស័ព្ទនៅអគារជាន់ទី៤ ហើយបានលោតទម្លាក់ខ្លួនពីលើអគារនោះម កជាន់ក្រោមផ្ទាល់ឥដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកមានក្រុមគ្រូពេទ្យ និងសន្តិសុខបានលើកជនរងគ្រោះ (សព) ដាក់លើប្រង់ការបញ្ជូនទៅសង្គ្រោះ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែជាអកុសល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់