ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតជ្រុលទៅបុកម៉ូតូស្កុពីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក តាកូម៉ា មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូស្កុពី មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស និងរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកតាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD-3785 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកម៉ូតូ មួយគ្រឿងម៉ាកស្កុពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AR-9820 ឈប់នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់ អង្គុយលើម៉ូតូរងរបួស ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរចរចាគ្នាមិនត្រូវ សមត្ថកិច្ចចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់