ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់ ករណីហិង្សាដេញគប់វាយកាប់ចាក់គ្នា បណ្ដាលឲ្យជនរងគ្រោះស្លាប់

ឧត្តរមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ២៣និង២០​នាទី​យប់ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ ជនរងគ្រោះចំនួន ០១នាក់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុម បានដេញគប់វាយកាប់ចាក់គ្នា នៅតាមដងផ្លូវជាតិលេខ 67B ចំណុចមុខផ្ទះសំណាក់បឹងតាម៉ុក ស្ថិតនៅភូមិ​អភិវឌ្ឍន៍​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ។

បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្សពួកជាបន្តបន្ទាប់សរុបចំនួន ០៧នាក់៖
១-​ ឈ្មោះ​​ ព្រួញ​ កក្កដា​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិ​ទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​ (សិស្ស)
២-​ ឈ្មោះ​ មឿន​ ភារ:​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិសន្តិភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​(សិស្ស)
៣-​ ឈ្មោះ​ មឿន​ វិតុង​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឃ្លាំងកណ្ដាល​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ (បុគ្គលិកកាស៊ីណូច្រកជាំ)
៤-​ ឈ្មោះ​ គុជ​ សុណា​ ហៅខ្នា​រ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​ (បុគ្គលិកកាស៊ីណូ​ច្រកជាំ)
៥-​ ឈ្មោះ​ ស៊ឹម​ បូលី​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិឯកភាព​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ មុខរបរ​ (សិស្ស​)
៦-​ ឈ្មោះ​ ប៉ុន​ ប៊ុនធី​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ រស់នៅភូមិស្វាយចេក​ ឃុំថ្លាត​ ស្រុកអន្លង់វែង​ មុខរបរ​ (មិនពិតប្រាកដ​)
៧-​ ឈ្មោះ​ វិញ​ ប៊ុនឡុង​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិលំទងថ្មី​ ឃុំលំទង​ ស្រុកអន្លង់វែង​ មុខរបរ​ (កសិករ​) ។

វត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៤គ្រឿង កាំបិតប៉័ងតោចំនួន ០២ ដាវចំនួន ០១ ដំបងក្រលាស់ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់