ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បើករថយន្តលឿនជ្រុលបុករថយន្តស៊េរីទំនើបម៉ាក FORTUNER ប៉ើងក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរស ៣នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវបេតុងថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក FORTUNER ពណ៌ទ្រេអ៊ីមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ0 2-7977 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងកាត់ផ្លូវបំបែកជាបួន ខណ:ពេលបើកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញរថយន្តបង្កម៉ាក កាមារី ពណ៌ឈាមជ្រូក មួយគ្រឿង ពាក់ស្លាកលេខ ឃ3572-ពភ2 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងបុរស ២នាក់ទៀត សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តម៉ាក FORTUNER ចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងក្រឡាប់ទៅផ្ទប់បង្គោលស្លាកសញ្ញា សំណាងល្អតៃកុងរថយន្តរងគ្រោះមិនមានរងរបួសនោះទេ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងបុរស ៣នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយ ផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់