ព័ត៌មានជាតិ

ជិះម៉ូតូរេចង្កូតជ្រុលទៅបុករថយន្ត បណ្តាលឲ្យដួលបាក់ឆ្អឹងដងកាំបិត​

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង រថយន្តសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសបាក់ឆ្អឹងដងកាំបិត ប្រុស០១នាក់ ត្រង់ចំណុចខាងមុខបុរីភ្នំពេញថ្មីតាខ្មៅ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HE-8617(ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ឃៀង វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (របួសបាក់ឆ្អឹងដងកាំបិត ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យចតុមុខ) ម៉ូតូបើកបរមានទិសដៅពីជើង មកត្បូង បានរេចង្កូតមកឆ្វេង ទៅបុកចំកាងសុវត្ថិភាពរថយន្តចំហៀងខាងឆ្វេង រថយន្តមានម៉ាក FREIGHT LINER ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2651 និងកន្ទុយសណ្ដោងរ៉ឺម៉ក ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 4A-8763 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។ រថយន្តបើកបរមានទិសដៅពីត្បូង ទៅ ជើង (ទិសដៅផ្ទុយគ្នា) ។

បច្ចុប្បន្ន​មធ្យោបាយដែលពាក់ព័ន្ធ ត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់