ព័ត៌មានជាតិ

បុរសម្នាក់ជាបុគ្គលិកធនាគារ ជិះម៉ូតូបុករបាំងហាមឃាត់ បណ្តាលឲ្យដួលបោកក្បាលស្លាប់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុគ្គលិកធនាគារម្នាក់ ជិះម៉ូតូបុករបាំងហាមឃាត់មិនឲ្យធ្វើចរាចរណ៍ (កង់រថយន្តចាស់ៗ) បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឧបទ្ទវហេតុនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២០៨-២០៩ ខាងកើតខ្លោងទ្វារវត្តខ្នាច់រមាស ស្ថិតនៅភូមិខ្នាច់រមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង២៥នាទី ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ។

តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K 2889 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកនឹងកង់ឡាន ដែលដាក់បិទផ្លូវមិនឲ្យធ្វើចរាចរណ៍ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយអ្នកឃើញហេតុការណ៍បានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អ៊ុ សុភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគាម្នាក់ មានទីលំនៅក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នសពជនរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

លោកអធិការបានបន្តថា ករណីនេះគឺបង្កមកពីកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ចំពោះជនរងគ្រោះបានពាក់មួកសុវត្ថិភាព តែមិនបានដាក់គន្លឹះត្រឹមត្រូវ ទើបពេលមានគ្រោះថ្នាក់របូតមួកពីក្បាល បណ្តាលឲ្យបោកក្បាលទៅនឹងថ្នល់ ស្លាប់បែបនេះ ៕

មតិយោបល់