ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមបើកវ៉ាជ្រុល ទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូម៉ាកហុងដាឌ្រីម១២៥ មួយគ្រឿង ខណ:កំពុងបើកវ៉ាក៏បុកគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងទៀត កំពុងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ស្រាល២នាក់ និងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញម៉ូតូម៉ាកហុងដាឌ្រីម១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JP-4406 ជិះគ្នា២នាក់បើកបរធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ បានវ៉ាជែងរួចក៏ជ្រុលទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើត យ៉ាងពេញទំហឹងតែម្ដង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង២នាក់ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់