ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់​ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប ១គ្រឿង បុករនាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់សង្ស័យ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-3959 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ភ្លើងស្តុបត្រឡោកបែក ក៏បានរេចង្កូតជ្រុលទៅបុករនាំងថ្មដាក់ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តតាមនីតិវិធី៕

មតិយោបល់