ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យម្នាក់ ករណីផឹកស៊ីស្រវឹងទាស់សម្តីគ្នា យកចានវាយក្បាលក្មួយបង្កើតបែកចិញ្ចើម និងយកកាំភ្លើងស្នប់គំរាមបាញ់គេ

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន (ហៅឆក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក បានផឹកស្រាស្រវឹងទាស់សម្តីគ្នាក្នុងវង់ផឹកស៊ី ហើយបានយកចានវៃក្បាលក្មួយប្រុសបង្កើតឈ្មោះ ឡម តួ ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន បណ្តាលឲ្យបែកចិញ្ចើមខាងឆ្វេងបែក (របួសស្រាល) និងបានយកកាំភ្លើងស្នប់ទៅគំរាមបាញ់ឈ្មោះ តេន ថុនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល បានទទួលព័ត៌មានករណីហិង្សានេះ សមត្ថកិច្ចបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់