ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក Range Rover រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក​ Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6969 បើកបរបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងទល់មុខមន្ទីរពេទ្យលោកសង្ស ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើនោះ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរងគ្រោះថ្នាក់អ្វីនោះទេ ។

ក្រោយពេលកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ មន្រ្តីសមត្ថកិច្ចម្នាក់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានប្រគល់ទៅឲ្យសមត្ថកិច្ច ផ្នែកខាងចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តបង្កហេតុ ចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ច នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ចំពោះចំណាត់ការរបស់ សមត្ថកិច្ចយ៉ាងណានោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ៕

មតិយោបល់