ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តចំនួន ៣គ្រឿងបានបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែពុំមានមនុស្សដែលជិះនៅក្នុងរថយន្តទាំងនោះរងរបួសនោះឡើយ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខសាលាខណ្ឌពោធិ៍សែនជ័យ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំង ៣គ្រឿង ដែលបើកបុកបន្តកន្ទុយគ្នាគ្នានោះមាន Ford ចំនួន ២គ្រឿង និងម៉ាកTOYOTA HILUX REVO ១គ្រឿង ហើយបានបើកបរ ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីកើតទៅលិច។ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4887 បើកបរមុខគេ ចំណែករថយន្តម៉ាក TOYOTA HILUX REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8844 បើកបរតាមក្រោយ រីឯរថយន្តម៉ាក Ford ពណ៌ស ១គ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2BO-9293 បើកក្រោយគេ។
ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿងផ្សេងទៀតបើកឆ្លងផ្លូវពីជើងទៅត្បូង ហើយរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4887 បើកបរមុខគេ និងរថយន្តម៉ាក TOYOTA HILUX REVO បើកបន្ទាប់បានបន្ថយល្បឿន ដើម្បីឲ្យរថយន្តឆ្លងផ្លូវកាត់មុខនោះទៅផុតសិន ខណៈនោះស្រាប់តែរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-9293 បើកក្រោយគេនោះទៅដល់បុកពីក្រោយរថយន្តរីវ៉ូពេញទំហឹងរុញផ្ទប់ពីក្រោយ រថយន្តហ្វតដែលនៅមុខគេនោះទាំងកម្រោលតែម្ដង។
ប្រភពខាងលើបានបន្តថា ពេលនោះបណ្ដាលឲ្យរថយន្តទាំង ៣គ្រឿងរងការខូចខាតរៀងៗខ្លួនប៉ុន្តែរថយន្ត TOYOTA HILUX REVOរងការខូចខាតខ្លាំងជាងគេ ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យជាក់ស្ដែងហើយឲ្យភាគីទាំង ៣សម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនោះ៕
មតិយោបល់