ព័ត៌មានជាតិ

សមត្ថកិច្ចសង្គ្រោះជនរងគ្រោះចំនួន ៤នាក់ (ស្រី) ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (សម្រស់ម្លិះ)

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម ជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងកុមារ ត្រូវបានកម្លាំងការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការបង្ក្រាបនិងសង្គ្រោះជនរងគ្រោះចំនួន០៤នាក់។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ១៩៤ អ.យ.ក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងសង្គ្រោះជនរងគ្រោះចំនួន០៤នាក់ ស្រី (អនីតិជន ០២នាក់) ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (សម្រស់ម្លិះ) នៅផ្ទះលេខ 35A ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។

ជនសង្ស័យឈ្មោះ សៀវ ប៊ុនជឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា។

វត្ថុតាងដកហូត៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន, ម៉ូតូ ០១គ្រឿង ម៉ាក់ nex ពណ៌ស ស្លាកលេខ កំពង់ធំ 1M. 2321។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់