ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយរថយន្តបើកបុកពីក្រោយ ហើយបើកគេចខ្លួនបាត់

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើកលើផ្លូវជាតិលេខ០៥នៅចំណុចខាងលិចក្បាលស្ពានធំស្វាយដូនកែវ ចន្លោះគីឡូម៉ែត្រលេខ២១៩នឹង២២០ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ ០១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្តាល ១G.២៤២៤ ស្របទិសពីលិចទៅកើត បើកបរដោយឈ្មោះ ដោក លេច អាយុ៤១ឆ្នាំ ភេទប្រុស រស់នៅភូមិយឿនមាន ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (បណ្តាលឲ្យរងបួសធ្ងន់) បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកបាកាននឹងអ្នករួមដំណើរ ឈ្មោះ ភំ ភូន អាយុ ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិយឿនមាន ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (បណ្តាលឲ្យស្លាប់) ពេលអ្នកទាំងពីរបើក មកដល់ចំណុចខាងលើ ក៏មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកមិនស្គាល់ស្លាកលេខបានបើកបរក្នុងល្បឿនលឿន បុកចំពីខាងក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដែលកំពុងជិះម៉ូតូស្លាប់ និងរបួសធ្ងន់ធ្ងរ ក្រោយបង្កហេតុអ្នកបើកបរថយន្តនោះបានបើករត់គេចទៅទិសខាងកើតបាត់។

ចំពោះសព នឹង ម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

មតិយោបល់