ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ស្ថិតលើផ្លូវលេខ១៥៧១ ត្រង់ចំណុចមុខការ៉ាស់សាំង ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើង ដោយម៉ូតូ០២គ្រឿង ១.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ផ្លាកលេខ បាត់ដំបង 1L-3997 បើកបរដោយ ឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង របួសធ្ងន់។ រួមដំណើរឈ្មោះ ហុង លី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង របួសធ្ងន់បាក់ជើងខាងឆ្វេង។ ២.ម៉ូតូម៉ាកវ៉េវ ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ផ្លាកលេខបាត់ដំបង 1AL-5890 បើកបរដោយឈ្មោះ បឿត វ៉ែន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប៉ុស្តិកន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង របួសស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកបានចុះត្រួតពិនិត្យនិងវាស់វែង រួចដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។

ចំណែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង តាមរថយន្តឯកជន៕

មតិយោបល់