ព័ត៌មានជាតិ

បុរសស្រវឹងស្រាជាប្រចាំម្នាក់ ដើរធ្លាក់ប្រឡាយទឹក បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសញៀនស្រាស្រវឹងជាប្រចាំម្នាក់ ដើរធ្លាក់ប្រឡាយលង់ទឹកស្លាប់ ករណីនេះកើតឡើង នៅចំណុចលូប្រឡាយខាងត្បូងផ្ទះរបស់ជនរងគ្រោះ ចម្ងាយ៧០ម៉ែត្រ ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោងប្រហែល១៩និង០០នាទីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ញ៉ឹប សំណាង ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាកូននៃសពបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទីព្រឹក ឪពុករបស់ខ្លួនបានដើរផឹកស្រាសដូចរាល់ដង រហូតមកដល់ម៉ោង ១៥និង០០នាទី មិនឃើញគាត់ត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររកនៅកន្លែងដែលគាត់ធ្លាប់ផឹកដូចសព្វដង តែរកមិនឃើញ ។ រហូតដល់ម៉ោង១៨ និង ៣០នាទី បងស្រីរបស់ខ្លួនបានចេញពីធ្វើការរោងចក្រទើប នាំគ្នាដើរកគាត់នៅខាងត្បូងផ្ទះម្ដងទៀត ពេលដើររកបានមួយសន្ទុះ ក៏ប្រទះឃើញឪពុកដេកស្លាប់នៅខាងក្រោមលូទើរនៅនឹងភ្លឺស្រែស្លាប់បាត់ទៅហើយ ។

លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ជនរងក្រោះឈ្មោះ ញ៉ឹប ស៊ុន ភេទប្រុស អាយុ ៦០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកអធិការបន្តថា ក្រោយធ្វើកោសល្យវិច្ឆ័យ នៅទីតាំងរៀបចំធ្វើបុណ្យសពជនរងគ្រោះ នៅថ្ងៃទី២៩ ខែកញ្ញា ពុំឃើញមានស្លាកស្នាមគួរឲ្យសង្ស័យ ពាក់ព័ន្ធករណីព្រហ្មទណ្ឌឡើយ និងការរៀបរាប់របស់ក្រុមគ្រួសារ នៃសព សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារផឹកស្រាសស្រវឹង ដើរធ្លាក់ប្រឡាយលង់ទឹកស្លាប់ប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួរសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់