ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងដោយខ្លួនឯង សង្ស័យបើកវ៉ាជែងហួសគន្លង រួចបួងចង្កូតវិញមិនទាន់ ក៏ជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតអស់២ផ្ទាំង ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីអ្នកបើកបរបានឲ្យដឹងថា ដំបូងរូបគាត់បើកបររថយន្តខាងលើម៉ាក SANTA FEE មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-2540 ក្នុងទិសដៅពីកើតទៅលិច ដោយស្របទិសជាមួយរថយន្តផ្សេងៗទៀត រួចបានបំពានគន្លងស្រាប់តែបួងចូលវិញមិនទាន់ ក៏ជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតទៅចំហៀងផ្លូវម្ខាងទៀតចំនួន២ផ្ទាំង និងបុកផ្ទុបជាប់ជាមួយរថយន្តចំនួន២ផ្ទាំង ចំណែករថយន្តរងការខាតខ្ទេចផ្នែកខាងមុខទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងរួចរាយការណ៍ បន្តទៅផ្នែកចរាចរណ៍ក្រុង ដើម្បីចុះធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕
មតិយោបល់