ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបស្ពាយនារីម្នាក់ ត្រូវកម្លាំងល្បាតប្រទះឃើញឃាត់ខ្លួន
ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៦និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ បានចុះល្បាតតាមដងផ្លូវ២១៧ មុខផ្ទះលេខ១៧៣Eo ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងម្នាក់ឯងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់កំពុងបើកម៉ូតូ ។
ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញរហូត ជនសង្ស័យបានរត់ចូលក្នុងផ្ទះសំណាក់យីហោ ស្រែពណ៌ ក្នុងផ្លូវលេខ៤៩៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធ នឹងបានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌចម្ការមន ចុះត្រួតពិនិត្យឆែកឆេរក្នុងបន្ទប់លេខ១០៣ ឃើញជនសង្ស័យចំនួន០១នាក់ និងកាបូបរបស់ជនរងគ្រោះរួមទាំងម៉ូតូធ្វើសកម្មភាព ទើបធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។
ជនសង្ស័យមានឈ្មោះ ទូច វិចិ្ឆកា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការក្លឹប ទីកន្លែងស្នាក់នៅមិនចាំ ផ្លូវបេតុង ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជាមួយការឃាត់ខ្លួន កម្លាំងបានដកហូត ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JR-0793 (របស់ជនសង្ស័យ) និងកាបូបស្ពាយពណ៌ខ្មៅ (របស់ជនរងគ្រោះ) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ បាននាំជនសង្ស័យខាងលើ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


មតិយោបល់