ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យយុវជនម្នាក់វ័យ១៧ ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង ០០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ភឿន ចាន់ទី អាយុ១៧ឆ្នាំ មុខរបររៀនជាងឡាន ស្នាក់នៅក្បែរទីតាំងកន្លែងកើតហេតុ ភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញយុវជនជាជនរងគ្រោះខាងលើ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1CS-0766 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2..-4555 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែករថយន្តក្រោយពេលកើតហេតុ ក៏បានព្យាយាមបើកគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសុខ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងវាស់វែង រួចទាក់ទងទៅខាងក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលសពយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
មតិយោបល់