ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មដោយធ្វើទារុណកម្មឃោរឃៅ និងរំលោភសេពសន្ថវៈ នៅត្រង់ចំណុចបន្ទប់ជួល

សៀមរាបៈ យោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ រំលោភសេពសន្ថវៈ និង អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរ បាលខេត្ត រួមនឹងយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការ សម្របសម្រួលនៅតិវិធី ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ផងដែរ ។

ដំណើររឿង៖ នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក, កម្លាំងប៉ុស្ត៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ កំណត់បានថា ការស្លាប់របស់ជនរងគ្រោះខាងលើ គឺមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើប អង្កេត រហូតកំណត់បានមុខសញ្ញាជាជនសង្ស័យខាងលើ និងនាំខ្លួនយកធ្វើការសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេជាជនដៃដល់តែម្នាក់ ដែលធ្វើសកម្មភាពរំលោភសេពសន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះយកទ្រព្យសម្បត្តិ ។ ជាក់ស្តែងកាល ពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប ទៅទិញមីឆានិងប្រហិតចៀន នៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនឃើញជនរងគ្រោះ អង្គុយនៅមុខផ្ទះម្នាក់ឯង ចំណែកទ្វារផ្ទះគឺបើកចំហ ពេលនោះរូបគេបានកាន់មីឆានិងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ ។

នៅវេលាម៉ោង២១និង៣០នាទី ពេលរូបគេហូបមីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយមានចំណង់រួមភេទ និងស្របពេលដែលយប់ស្ងាត់ ហើយជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ខ្លួនបានដើរទៅយកខ្សែភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុក្បែរគ្រែដេករបស់ជនរងគ្រោះ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះ ទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីររឹតកជនរងគ្រោះ និងខ្សែភ្លើងរហូតដល់សន្លប់ ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះ (ទ្វាររូត) កុំឲ្យអ្នកដទៃមើលឃើញ បន្ទាប់ពីបិទទ្វារមុខរួច រូបគេយកដៃទាំងពីរ ស៊កចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាង ចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែរទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់ស្រាតខោអាវជនរងគ្រោះ ហើយស្រាតខោខ្លួនឯងត្រឹមជង្គង់ ធ្វើសកម្មភាព រំលោភសេពសន្ថវៈ ប្រហែល២ទៅ៣នាទី ទើបចេញទឹកកាមដាក់ចូលក្នុងប្រដាប់ភេទជនរគ្រោះ ។

ដោយឃើញថាជនរងគ្រោះនៅមានដង្ហើម និងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាច បែកការ ទើបរូបគេបានប្រើជើងខាងស្តាំជាន់ និងកន្រ្តំ ទៅលើកជនរងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែទើបជនរងគ្រោះដាច់ខ្យល់ស្លាប់ ប៉ុន្តែមិនបានដឹងថាជនរងគ្រោះបាក់កនោះទេ ។
បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ខ្លួនបានយកមានទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហម ផ្ទុកស៊ីមកាតលេខៈ ០៧៨ ៧៤០ ៤៣៧ និងបន្តទៅរើកកាយមើលក្នុងទូ ឃើញកាបូបដៃមួយ ពណ៌ប្រផះ មានប្រាក់ ចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោល នៅចំណុចខ្ទមមួយក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿង ។

បន្ទាប់ពីទុកម៉ូតូប្លុងចោលហើយ រូបគេបានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ ស្ថិតនៅភូមិបឹង សង្កាត់ ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះទៅប្រើប្រាស់ផងដែរ លុះដល់វេម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទជនរងគ្រោះចំនួន០១ ម៉ូតូជនរងគ្រោះ០១គ្រឿង និងកង់របស់ជនសង្ស័យចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់