ព័ត៌មានជាតិ

រថយន្តកាមារីហាយប្រ៊ីត បុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាត ទៅបុករថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកាមារីបើកបុកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តហាយលែនឌ័រ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំគល់ស្ពានគល់អាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីម្ខាងក្បែរចំណុចកើតហេតុគឺ មានការដ្ឋានជួសជុលផ្លូវដោយមានការបិទផ្លូវម្ខាង (ផ្លូវដែលទិសដៅពីលិចទៅកើត) ដែលគេបើកតែផ្លូវម្ខាង (គឺផ្លូវដែលទិសដៅពីកើតទៅលិច) ឲ្យយានយន្តធ្វើដំណើរទៅមកប៉ុណ្ណោះ។ ហើយការដ្ឋានជួសជុលផ្លូវក៏បានរំកិលចោះរបាំងថ្មពុះចែកទ្រូងផ្លូវ ត្រង់ចំណុចកើតហេតុជាអក្សរអេះ ដើម្បីធ្វើជាផ្លូវទុកសម្រាប់ឲ្យយានយន្ត ដែលធ្វើដំណើរទិសដៅពីលិចទៅកើតបើកចូលទៅផ្លូវរបស់ខ្លួនវិញ។ លុះដល់វេលាកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាក កាមារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-5969 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចុះពីលើស្ពានអាកាស៧មករាទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតរបាំងថ្មពុះចែកទ្រូងផ្លូវមួយផ្ទាំងទៅបុកចំរថយន្តមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1297 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យក្រពឹតមួយចំហៀងខាងឆ្វេង ចំណែកឯរថយន្តកាមារីហាយប្រ៊ីត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរបានចុះពីលើរថយន្តរួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់