ព័ត៌មានជាតិ

រថយន្តបុកម៉ូតូស្កុពីមួយគ្រឿងពេញទំហឹង ផ្តាច់យកជីវិតយុវនារីវ័យក្មេងខ្ចីម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់

កណ្ដាល: (ព័ត៌មានបឋម) នាវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បុកម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1AA-0142 ពេញទំហឹង បានផ្តាច់យកជីវិតយុវនារីវ័យក្មេងខ្ចីម្នាក់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មករថយន្តបើកគេចបាត់ស្រមោល ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សពនារីរងគ្រោះឈ្មោះ ស្រី នីត អាយុ២០ឆ្នាំ មុខរបរជាអ្នករត់តុ ស្នាក់នៅក្បែរទីតាំងកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកក្មេងប្រុសរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1AA-0142 ជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ដោយមានឌុបក្មេងប្រុសម្នាក់ រួមដំណើរជាមួយ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកបរបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យនារីវ័យក្មេងដួលបោកនឹងថ្នល់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុមួយរំពេច ចំណែកក្មេងប្រុសម្នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។ បន្ទាប់ពីកើតហេតុភ្លាមៗ នោះ រថយន្តបង្កហេតុបានបើកបន្ថែមល្បឿនយ៉ាងលឿន ដើម្បីគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ រថយន្តបង្កហេតុនោះ គ្មានអ្នកណាម្នាក់បានស្គាល់ប្រភេទរថយន្តឡើយ ហើយក៏មិនបានដឹងថាជាម៉ាកអ្វី និងស្លាកលេខប៉ុន្មាននោះដែរ ។

នៅក្រោយពេលកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុក កណ្តាលស្ទឹង បានចុះមកធ្វើកំណត់ហេតុ បានយកម៉ូតូនារីរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីទុកជាភស្តុតាង និងស្វែងរកម្ចាស់រថយន្តបង្កហេតុ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ចំណែកសាកសពនារីរងគ្រោះខាងលើ សមត្ថកិច្ចបានរៀបចំប្រគល់ទៅឲ្យសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ។ រីឯក្មេងរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ៕

មតិយោបល់