ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ជិះម៉ូតូរេចង្កូតបុករថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់

កំពង់ឆ្នាំង: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥និង១០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលម៉ូតូមួយគ្រឿងម៉ាក់HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-2078 ជិះគ្នាចំនួនបីនាក់ បើកពីទិសខាងជើងទៅត្បូង ពេលមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក LAND CRUISER ឡង់គ្រិះស័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2N-3095 ក្នុងដំណើរច្រាស់ទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យឈ្មោះ ទាំ លី ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ ឈ្មោះ ម៉ាត់ ម៉ាន ភេទប្រុស អាយុ១៤ឆ្នាំ (របួសធ្ងន់) ជាអ្នករួមដំណើរ ឈ្មោះ លាស់ អ៊ីសា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់) ជាអ្នករួមដំណើរ ។ អ្នកទាំងបីរស់នៅភូមិខ្នាយកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងចាប់យកវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

មតិយោបល់