ព័ត៌មានជាតិ

ក្រុមក្មេងញៀនថ្នាំដែលចូលប្លន់ផ្ទះប្រជាពលរដ្ឋប្រដាប់ដោយអាវុធនៅក្រុងព្រះសីហនុនោះ ចាប់ខ្លួនបានហើយ!

ព្រះសីហនុៈ ក្រុមក្មេងញៀនថ្នាំដែលធ្វើសកម្មភាពចាក់ជនរងគ្រោះក្នុងផ្ទះគំរាម​យកប្រាក់ ដែលដំបូងឡើយជនរងគ្រោះគិតថាជាក្រុមចោរប្លន់ប្រដាប់អាវុធនោះ នគរបាលចាប់ខ្លួនបានហើយ កាលពីម៉ោង៩យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រុមជនសង្ស័យជាក្មេងញៀនថ្នាំចំនួន​៣នាក់ នេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងជិត៧យប់ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះ ជនរងគ្រោះឈ្មោះ លី កៅ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុម២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះម្នាក់បានយកកាំភ្លើងជរ័បន្លំជាកាំភ្លើងមែនទែន ភ្ជង់កូនស្រីតូចរបស់ម្ចាស់ផ្ទះ និងមានម្នាក់ទៀតយកកាំបិតចាក់ទៅលើជនរងគ្រោះជាឪពុកបណ្តាលឲ្យរបួសស្រាល ត្រង់ពោះ ក្នុងបំណងគំរាម​យកប្រាក់ដើម្បីទិញថ្នាំញៀន មុនពេលរត់គេចខ្លួន ប៉ុន្តែមិនយកបានប្រាក់ឬសម្ភារៈអ្វីពីក្នុងផ្ទះជនរងគ្រោះឡើយ។

ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានកំណត់មុខសញ្ញាដោយអះអាងថា ក្រុមនេះជាក្រុមក្មេងញៀនថ្នាំ មិនមែនជាក្រុមចោរប្លន់ប្រដាប់អាវុធឡើយ។

ជនសង្ស័យទាំង ៣នាក់មាន ទី១.ឈ្មោះ តូច តាច ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានមិនពិតប្រាកដ (កាន់កាំភ្លើងជ័រភ្ជង់)។​ ទី២.ឈ្មោះ ឆាយ ប៊ុនឈឿ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានមិនពិតប្រាកដ (អ្នកមើលផ្លូវ)។ និងទី៣.ឈ្មោះ ភត្រា ឬឈ្មោះ ញឹល ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកយកកាំបិតចាក់ជនរងគ្រោះ)។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងតាមនីតិវីធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ​៕

មតិយោបល់