ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក ford ranger មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ បើកបត់ត្រឡប់ក្រោយចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំនុចស្ពានទី៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5083 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតបត់ឆ្វេងត្រឡប់ ក្រោយឆ្លងចូលទៅផ្លូចម្ខាងទៀត ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក fordranger មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2BF-7824 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស ៣នាក់ទៀត ធ្វើដំណើរពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៦A ស្របគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏អកហ្សឺជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ ចំពាក់កណ្តាលចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ford ranger រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង ចំណែករថយន្តបែនដឹកខ្សាច់វិញខូចខាតតិចតួច សំណាងល្អមិនបង្កឲ្យមាននាក់រងរបួស។
ក្រោយកើតហេតុខាងលើ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕












មតិយោបល់