ភ្នំពេញៈ នាវេលាម៉ោង០៨និង៥៣នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ជាជាងសំណង់ដើរដួលដេកស្លាប់ នៅទីតាំងមួយកន្លែង សង្ស័យខ្យល់គ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ យោងតាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានដើរ ចេញពីកន្លែងការដ្ឋានសំណង់មួយកន្លែង ហើយក៏មិនដឹងថាដើរទៅណានោះទេ ។ ខណៈកំពុងដើរតាមដងផ្លូវសុខៗ ហើយក៏ដាក់គូទ អង្គុយស្រាប់តែបាត់មាត់បាត់ក ដួលដេកស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុសង្ស័យខ្យល់គ ហេតុការណ៍នេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។
យោងតាមប្រភពព័ត៌មាន ពីសាច់ញាតិជនរងគ្រោះបាននិយាយបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា ជនរងគ្រោះមានឈ្មោះ កន តន អាយុ ជាង៣០ឆ្នាំ មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅចាក់អង្រែលើ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ ។ មានប្រពន្ធនិងកូន២នាក់ ប៉ុន្តែ ត្រូវបានលែងលះប្រពន្ធជិតពីរឆ្នាំមកហើយ រីឯកូនទាំងពីរនាក់នោះវិញ បានទៅរស់នៅជាមួយអតីតភរិយា ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើកំណាត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់