សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា ( កាប់ម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ( ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ) និងមានដីការបង្គាប់ឲ្យចាប់ខ្លួន ពីតុលាការផងដែរ ។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទីយប់ នៅចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើធ្វើឲ្យខូចខាតដោយចេតនា ( កាប់ម៉ូតូ ) បង្កឡើងដោយជនសង្ស័យឈ្មោះ ណៃ វ៉ាន់នេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាព ស្ទាក់កាប់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១AK-៧៨៥៩ លេខតួ,លេខម៉ាស៊ីន ៥៩៩៣៤៩០ របស់ជនរងគ្រោះឈ្មោះ ល.ដ.ឡ ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យបែកកុងទ័រ និងក្បាលម៉ូតូ ព្រមទាំងកាប់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ បិទតែមប្រិ៍ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១P-៥៨៥០ លេខតួ,លេខម៉ាស៊ីន ៩១៤៥៨៦៦ បណ្តាលឲ្យបែកគម្របស៊ីផ្លេ និងកុងទ័រ រួចគេចខ្លួន ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ធ្វើការសាកសួរនៅកន្លែងកើតហេតុ បានកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន រួចបានស្វែងរកជនសង្ស័យយកមកសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ម៉ូតូរបសលជនរងគ្រោះទាំងពីរនាក់ខាងលើពិតមែន រីឯវត្ថុតាងជនសង្ស័យបានបោះចោលក្នុងទឹក ។ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃ វ៉ាន់នេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ស្រុក/ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ ធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល (វិជ្ជមាន) ។
ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់