បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ ព្រហស្បត្តិ៍ ២រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៩ និង២០នាទី នៅចំណុចក្រុមទី២៣ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី (ឆក់ទូរស័ព្ទ) មួយបានកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ ឡូវ តេកសេង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ។
សម្ភារៈបាត់បង់៖ -ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូមែក iphone13 Promax ពណ៌ប្រផេះ ចំនួន០១គ្រឿង ។
នៅពេលកើតហេតុជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆេង ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង័្សយ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទជនរងគ្រោះខាងលើពិតប្រាកដមែន ។
សម្ភារៈដកហូត៖ -ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១C-១៤៥៩ មានលេខតួនិងលេខម៉ាស៊ីន៨១០៧៥៩៥ ចំនួន០១គ្រឿង (ម៉ូតូជិះធ្វើសកម្មភាព) ។-សម្បកទូរស័ព្ទ ពណ៌ប្រផេះ ចំនួន០១ (ជារបស់ជនរងគ្រោះ) ។
ដោយឡែកទូរស័ព្ទសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមនៅឡើយ ។
ករណីខាងលើនគរបាលក្រុងកំពុងរៀបចំសុំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់