ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទី នៅចំណុចផ្លូវជាតិ​លេខ​៥៧B ត្រង់ក្នុងក្រុមទី៥ ភូមិអូរគគី ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់របួសធ្ងន់ ។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកម្រៀង បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ 1AH-5724 បាត់ដំបង បើកបរពីលិចទៅកើត អ្នកបើកបរឈ្មោះ អឿន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅស្រុកបរវេល ខេត្តបាត់ដំបង និងម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ 1C-3153 ប៉ៃលិនបើកបរពីកើតទៅលិច អ្នកបើកបរឈ្មោះ រ៉ាក់ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខ្លឹង ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា​ (របួសធ្ងន់ទាំងពីរ) ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកម្រៀង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំទៅបុកគ្នាពេញទំហឹង ។ បច្ចុប្បន្ន នគរបាលជំនាញដកហូតមធ្យោបាយបង្កទាំងពីរគ្រឿងយកមករក្សាទុក នៅអធិការស្រុកដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់