ព័ត៌មានជាតិ

ជនបរទេសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ពាក់កណ្តាលអធ្រាត្រជិតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តស៊េរីទំនើប មួយគ្រឿង បានធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនបរទេសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងនៅក្រោមអគារ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនបរទេសម្នាក់ ភេទប្រុស អាយុប្រមាណជា៤០ឆ្នាំបានទៅឈរត្រង់ទីតាំងកន្លែង កើតហេតុនោះតែម្នាក់ឯង ពេលនោះស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះរថយន្តឡង់គ្រីស័រ មួយគ្រឿង ពណ៌ស បានបើកទៅ ឈប់ក្បែរជនរងគ្រោះ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ សំដៅទៅលើជនរងគ្រោះ៣គ្រាប់ បណ្តាលឲ្យដេកដួល នៅក្នុងថ្លុកឈាម រងរបួសធ្ងន់ ។ បន្ទាប់ពីធ្វើសកម្មភាពរួចមក ក្រុមខ្មាន់កាំភ្លើង បានបើករថយន្តចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ស្រមោល ។

ចំណែកឯជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ប៉ុន្តែដោយស្ថានភាពរងរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្រ្គោះនោះ ហើយសាកសពជនរងគ្រោះ ត្រូវបានគេដឹកយកមកកាន់ទីកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ទៅតាមនីតិវិធីច្បាប់ ៕




មតិយោបល់