ព័ត៌មានជាតិ

ជាង២នាក់ដូយរថយន្ត ដើម្បីជួសជុលបែរជាក្រឡាច់ដូយ ក្រឡាប់សង្កត់រងរបួសធ្ងន់

ភ្នំពេញ: ជាងជួសជុលរថយន្ត២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកសម្ភារ:សំណង់១គ្រឿង ក្រឡាប់សង្កត់លើ ក្នុងពេលដែលរថយន្តនោះដាច់ប៉ុង ហើយពួកគាត់ទាំង២នាក់ដូយឡើង ដើម្បីធ្វើការជួសជុល ។ ប៉ុន្តែភ្លាត់ស្នៀតស្រាប់តែក្រឡាច់ដូយ បណ្ដាលឲ្យរថយន្តនោះធ្លាក់ក្រឡាប់សង្កត់លើទាំង២នាក់ ហើយភ្លាមៗនោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ ។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោងជាង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-3768 បើកបរដោយបុរសម្នាក់ ។ នៅវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែធ្នូ រថយន្តនេះបានដឹកគ្រឿងសំណង់ ចេញពីដេប៉ូនៅម្ដុំជិតវត្តតាំងកសាង សង្កាត់កាកាបទី២ ទៅកាន់ខេត្តតាកែវ ប៉ុន្តែពេលទៅដល់ចំណុចកើតហេតុខាងលើបានដាច់ប៉ុង ។

ប្រភពដដែលបានឲ្យដឹងថា ខណ:នោះម្ចាស់បានទុកចោលនៅទីនោះ រហូតដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ទើបទៅរកជាងទាំង២នាក់ ឲ្យជួយធ្វើការជួសជុលឲ្យ ខណ:នោះជាងបានដូយរថយន្តឡើង ដើម្បីចូលទៅជួសជុល ។ លុះពេលដូយបានមួយចំហៀងហើយ ក៏ដូយមួយចំហៀងទៀត ប៉ុន្តែភ្លាត់ស្នៀតក៏ក្រឡាច់ដូយ បណ្ដាលឲ្យធ្លាក់សង្កត់រងរបួសធ្ងន់ទាំង២នាក់ ព្រមទាំងសង្កត់សំយ៉ាបផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅជិតនោះ បណ្ដាលឲ្យរងការខូចខាតទៀត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅកាន់ទីនោះ ដើម្បីស្ទូចយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយតាមជំនាញ ៕





មតិយោបល់