ប៉ៃលិនៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅដីចំការមួយកន្លែងវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ចំណុចអូរជ្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក គង ណន អធិការរងស្រុកសាលាក្រៅបានដឹងថា សពជនរងគ្រោះឈ្មោះ ឃុត ឈឿន ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅជាមួយប្អូនស្រីម្នាក់ឈ្មោះ ស៊ុន ង៉ាំ ភេទស្រី អាយុ៦៨ឆ្នាំ ក្បែវត្តសាលាក្រៅចាស់ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមការសាកសួរពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែដើរវង្វែងផ្ទះជាញឹកញាប់ ហើយថ្មីៗនេះជនរងគ្រោះបានវង្វែងបាត់ពីផ្ទះចំនួន១យប់១ថ្ងៃ ពុំដឹងវង្វែងដើរទៅដល់ណានោះទេ សាច់ញាតិនិងអ្នកជិតខាងបានដើររកដែរ តែមិនឃើញ លុះដល់ព្រឹកកើតហេតុខាងលើ ទើបមានប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់ក្នុងដីចំការ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ បានសន្និដ្ឋានឲ្យដឹងថា សាកសពជនរងគ្រោះដើរវង្វែងផ្ទះ អត់អាហារ ធ្វើឲ្យខ្យល់គរដេកស្លាប់តែម្តង។
សាកសពត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសាលាក្រៅចាស់ ស្ថិតនៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕
មតិយោបល់