ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខភ្នំពេញ2BR-0784 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង៣និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង Toyota Raize ពាក់ស្លាកលេខភ្នំពេញ 2BR-0784 បើកបរបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Raize​ ពណ៌លឿង មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BR-0784 ធ្វើដំណើរតាមបណ្តោយផ្លូវ​ម៉ៅសេទុង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍ នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំពុំទាន់ដឹងច្បាស់ថាមានមនុស្សរងរបួសដែរឬមួយយ៉ាងណានោះទេ ពេលទៅដល់ទីតាំងកន្លែងកើតហេតុ ឃើញតែរថយន្តពុំឃើញម្ចាស់នោះទេ ។ រីឯអ្នកបើកបរនោះវិញ ក៏មិនទាន់ដឹងថាជា​បុរសឬមួយក៏ស្រ្តីដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ បន្ទាប់មកបានយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តនោះ ចូលខ្លួនមកដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕






មតិយោបល់