ភ្នំពេញៈ ស្ថានភាពបង្ករបង្កើនផលស្រូវក្នុងឆ្នាំ២០១៥កន្លងទៅកសិកម្មកម្ពុជា បានប្រឈមទៅនិងភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិ ដោយមានគ្រោះរាំងស្ងួត ការកើនឡើងកម្តៅ ដែលបង្កឱ្យមានផលប៉ះពាល់លើផ្ទៃដីបង្កបង្កើនដំណាំស្រូវជាង២៥៣ពាន់ហិកតា។
លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦-២០១៧ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះថា លើផ្ទៃដីជិត២៦ពាន់ហិកតា ត្រូវបានខូចខាតទាំងស្រុង ដែលធ្វើឱ្យស្ថានភាពបង្ករបង្កើនផលស្រូវនៅឆ្នាំ២០១៥-២០១៦ មានកម្រិតទាបជាងឆ្នាំមុនប្រមាណ០,១៣ ភាគរយពោលគឺអនុវត្តបានចំនួន៣,០៥១លានហិកតា ដោយទទួលបានទិន្នផលជាមធ្យម៣,០៨៥តោនក្នុង១ហិកតា (កើនបានតែ០,២២ភាគរយធៀបនឹងឆ្នាំមុន)។
លោក វេង សុខុន បានពិនិត្យឃើញជារួមថា បរិមាណផលសរុបទាំងវស្សានិងប្រាំងប្រមាណ៩,៣៣លានតោនស្រូវ កើនបានប្រមាណ០,១២ភាគរយធៀបនឹងឆ្នាំមុន ហើយតុល្យភាពស្បៀងនៅសល់ស្រូវជាង៤,៦៥លានតោន គិតជាអង្ករជាង២,៩៨លានតោនសម្រាប់បំរើឱ្យការនាំចេញ។
លោករដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា ចំពោះផលិតកម្មដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មសំខាន់ៗមានការកើនឡើងលើសពីឆ្នាំមុន ។ ដំណាំអចិន្រ្តៃយ៍ រួមមាន៖ កៅស៊ូ ស្វាយចន្ទី ដំណាំឈើហូបផ្លែផ្សេងៗនិងចម្ការ។ល។ កំពុងមានការរីកចំរើនជាបន្តបន្ទាប់ ជាលក្ខណៈគ្រួសារ និងជាលក្ខណៈ វិនិយោគខ្នាតតូច មធ្យម និងខ្នាតធំ។
លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ចំពោះការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារតំបន់ និងពិភពលោកសម្រេចបាន ៦៦មុខ(ឆ្នាំ២០១៤មានតែ៤៧មុខ)មានបរិមាណសរុបប្រមាណ៤,១៥៧លានតោន ដែលមាន កំណើនចំនួន២០ភាគរយធៀបនឹងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៤។ សម្រាប់ការនាំចេញ អង្ករសម្រេចបានចំនួនជាង៥៣៨ពាន់តោនទៅកាន់ប្រទេសចំនួន៦០ ជាពិសេសបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប អាស៊ាន និងប្រទេសចិន។
គួរឱ្យកត់សម្គាល់ថា អង្ករពូជស្រូវក្រអូបផ្ការំដួលកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជា អង្ករល្អបំផុតនៅក្នុងពិភពលោករយៈពេល៣ឆ្នាំជាប់ៗគ្នានៅក្នុងឆ្នាំ២០១២-២០១៣និង២០១៤ ។ រីឯការនាំចេញកៅស៊ូស្ងួតមានបរិមាណជាង១២៨ពាន់តោន កើនលើសឆ្នាំមុនប្រមាណ២៧,៨ភាគរយ។
លោករដ្ឋមន្រ្តីបន្តថា ចំពោះការចិញ្ចឹមសត្វវិញ មានការរីកចំរើនគួរឱកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ។ ក្នុងឆ្នាំ២០១៥ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយការរីកចំរើននៃផលិតកម្មសត្វរបស់ឯកជនកាន់តែមានទំហំធំឡើងៗ ជាក់ស្តែងក្នុងឆ្នាំ២០១៥នេះ មានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ២.៨៥៦កន្លែង និងមានចំនួនសត្វសរុបជាង៨លានក្បាល(កើន២៩ភាគរយធៀបនឹងឆ្នាំមុន)។
លោករដ្ឋមន្រ្តីអះអាងថា ការរីកចំរើនទាំងនេះដោយសារវឌ្ឍនភាពនៃការស្រាវជ្រាវ និងការយល់ដឹងពីបច្ចេកទេសចិញ្ចឹម ការជ្រើសរើសនិងបង្កាត់ពូជចំណីសត្វ សេវាថែទាំសុខភាពសត្វ និងជីវសុវត្ថិភាព ការផ្តល់ឥណទាន និងដំណោះស្រាយទីផ្សារ។ល។
ជាមួយគ្នានេះ កម្មវិធីជីឡជីវឧស្ម័ន ទាំងខ្នាតតូចនិងធំ ក្នុងការគ្រប់គ្រងការសំណល់សត្វ ដើម្បីជាពហុប្រយោជន៍សម្រាប់ជាថាមពល ជីធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏មានការរីកចំរើនយ៉ាង ទូលំទូលាយក្នុងមជ្ឈដ្ឋានប្រជាកសិករផងដែរ៕
មតិយោបល់