ភ្នំពេញៈ នៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus LX570 មួយគ្រឿង បើកលឿនបំពានភ្លើងស្តុបចរាចរណ៍ ជ្រុលទៅបុករថយន្ត Visto កំពុងបើកឆ្លងកាត់ស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងត្រង់ចំណុចស្តុបបេកាសេ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក Visto មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2Z-5323 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស មានទិសដៅពីត្បូងទៅជើង ពេលមកដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបសញ្ញាពណ៌បៃតង រថយន្តនោះក៏បានបើកឆ្លងកាត់ស្តុប ពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX570 ពណ៌ស ពាក់ស្លាកលេខកម្ពុជា AU.77777 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្ស៊ី មានទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ទាំងបំពានភ្លើងស្តុបចរាចរណ៍ ជ្រុលទៅបុករថយន្តម៉ាក Visto ពេញទំហឹង បណ្ដាលឲ្យរថយន្តVistoនេះវិលក្បាលត្រឡប់ក្រោយរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត Lexus LX570 នោះរងការខូចខាតក្រពឹតចំហៀងខាងស្ដាំ ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា ដោយខាងរថយន្ត Visto ទាមទារសំណង៣០០០ដុល្លារ ប៉ុន្តែតែខាងរថយន្ត Lexus LX570 មានតែ១៥០០ដុល្លារប៉ុណ្ណោះ ។ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយខាងរថយន្ត Visto ព្រមទទួលយកដើម្បីបញ្ចប់រឿង ៕






មតិយោបល់