ព័ត៌មានជាតិ

ប្រពន្ធឱបសពប្តីទ្រហោយំ បន្ទាប់ពីជិះម៉ូតូដួលត្រូវរថយន្តកិនចំក្បាលស្លាប់ ដោយបានបន្សល់ទុកកូនចំនួន៤នាក់

ភ្នំពេញ: នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ខែឆ្នាំ២០២២ មា​នករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីកិបស្លាកលេខវិញ ស្រាប់តែដួលត្រូវរថយន្តកិនចំក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ដោយបានបន្សល់ទុកកូនចំនួន៤នាក់ឲ្យកំព្រា ទីតាំងកើតហេតុ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ០២២ ទើបទិញបាន១អាទិត្យ ត្រឡប់មកពីកិបស្លាកលេខវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលជិះមកដល់ត្រង់ពាក់កណ្តាលផ្លូវ ស្រាប់តែដួលដោយខ្លួនឯង​ ស្របពេលនោះសង្ស័យមានរថយន្តដឹកដែកមួយគ្រឿង​ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាបានកិនចំក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ចំណែកឯរថយន្តបង្កហេតុ បានបើករត់គេចខ្លួនចេញពី កន្លែងកើតហេតុបាត់ស្រមោល ។

សពជនរងគ្រោះឈ្មោះ ប៉ែន លីណា (ហៅពៅ) ភេទប្រុស​ អាយុជាង៣០ឆ្នាំ មុខរបរជាអ្នកលក់មាន់ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។ ជនរងគ្រោះមានប្រពន្ធនិងកូនចំនួន០៤នាក់ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕

មតិយោបល់