ព័ត៌មានជាតិ

បុរសជនបរទេសម្នាក់ សង្ស័យគាំងបេះដូងពេលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតបុករះម៉ូតូ ២គ្រឿង និងស្លាប់លើរថយន្ត

ភ្នំពេញ: បុរសជនបរទេសម្នាក់ សង្ស័យគាំងបេះដូងពេលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតបុករះម៉ូតូ ២គ្រឿង និងថូផ្កាអស់មួយចំនួន ទៅផ្ទប់របងផ្ទះពលរដ្ឋស្លាប់ក្នុងរថយន្ត ចំណែកឯនារីជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសជនប្រទេសសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូម៉ាក ហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FN-2588 ជិះដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណ:ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តបង្កម៉ាក NISAN មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BG-1769 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅបញ្រ្ចាសគ្នា និងម៉ូតូពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែគាំងបេះដូង បាត់ស្មារតីបានរេចង្កូតជ្រុលទៅបុករះម៉ូតូ ២គ្រឿងចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់នារីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម៉ូតូមួយគ្រឿងទៀត ខូចខាតតិចតួចក៏បានលើកជិះទៅបាត់តែម្តង ហើយរថយន្តបង្កបន្តល្បឿន ទៅបុករះថូផ្កាទៅផ្ទប់របងផ្ទះពលរដ្ឋអស់មួយចំនួន បណ្តាលឲ្យម្ចាស់រថយន្តស្លាប់បាត់បង់ជីវិត នៅក្នុងរថយន្តតែម្តងទៅ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ក៏ទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យទៅលើសព។

ក្រោយពិនិត្យរួចដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារគាំងបេះដូង ក៏បានវាស់វែងនិងធ្វើកំណត់ហេតុយកវត្ថុតាង ទៅរក្សាទុកនៅខាងការិយាល័យជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕





មតិយោបល់