បុរសម្នាក់បើករថយន្តCRV មួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកផ្ទប់នឹងចង្កូតស្លាប់បាត់បង់ជីវិត
ភ្នំពេញ: នាវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសវ័យចំណាស់ម្នាក់បើករថយន្តម៉ាក CRV មួយគ្រឿង ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកផ្ទប់នឹងចង្កូតរថយន្តស្លាប់បាត់បង់ជីវិត ទីតាំងនៅខាងត្បូងស្ពានបាឡេ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តម៉ាក CRV មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E-1251 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យតៃកុងបោកផ្ទប់នឹងចង្កូតរថយន្តសន្លប់ជាប់ក្នុងរថយន្ត បន្ទាប់មកប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនោះ បាននាំគ្នាជួយសង្រ្គោះដោយយកដុំថ្មវាយបំបែកកញ្ចក់រថយន្តយកជនរងគ្រោះចេញមកក្រៅ ហើយបានជួយសង្គ្រោះបឋម ប៉ុន្តែជាអកុសលជនជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យមើល បន្ទាប់មកបានយករថយន្តជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា: ជនរងគ្រោះឈ្មោះ ឃ្លាំង ថន អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ9R ផ្លូវលេខ២៦៤ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានស្រុកកំណើតនៅឃុំកំពង់ចម្លង ស្រុកស្វាយរៀង ខេត្តស្វាយរៀង ៕
មតិយោបល់