ព័ត៌មានជាតិ

រថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតជ្រុលទៅបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-0250 រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកចូលផ្ទះ បងប្អូនប្រជាពលរដ្ឋមួយកន្លែងបណ្តាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំមានមនុស្សរង គ្រោះថ្នាក់នោះទេ ។ រីឯរថយន្តបង្កហេតុនោះវិញ ក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បន្ទាប់ពីកើតហេតុភ្លាមៗ ភាគីទាំងពីរបានធ្វើការចរចាគ្នា ជាជំហានបឋមនៅនឹង កន្លែងកើតហេតុ ។ បើតាមភ្នាក់ងារអង្គភាពព័ត៌មាន Post News យើងខ្ញុំបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីទាំងពីរ បានធ្វើការចរចាត្រូវរ៉ូវគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយគ្មានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍នោះទេ ៕

មតិយោបល់