ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់​ ពាក់ព័ន្ធករណី​”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”

សៀមរាប: យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ​ក្រុងសៀមរាប​ ចូលរួមសហការ​ ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្លក្រាម​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ដា​ ចម្រើន​ អធិការក្រុងសៀមរាប​ ឃាត់ខ្លួនជនសង្ស័យ​ ចំនួន០៣នាក់​ ពាក់ព័ន្ធករណី​”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទី នៅចំណុចខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នឹងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យខាងលើព្រមទាំងបក្ខពួក បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះឈ្មោះ​ គ្រ.ស្រ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យរងរបួសត្រង់ខ្នង ធ្វើឱ្យជនរងគ្រោះដួលម៉ូតូហើយបានរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យបានកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង ហើយក៏គេចខ្លួនផងដែរ​ ។

លុះដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹង ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ច ក៏កំណត់មុខសញ្ញាខាងលើបាន ហើយបានស្វែងរកឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ខាងលើ រួចយកមកសួរនាំ ។
ក្រោយពីសួរនាំជនសង្ស័យទាំងបីបានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនព្រមទាំងបក្ខពួក ( គេចខ្លួន ) ពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូ និងជនរងគ្រោះខាងលើពិតមែន ។ រីឯវត្ថុតាង ( កាំបិតខ្វែវ ) ជនសង្ស័យបានបោះចោលក្នុងប្រឡាយទឹក ។

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់មាន៖ ០១-ឈ្មោះ​ យឹម អង ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ ០២-ឈ្មោះ ស៊ឹង ម៉េងលាប ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ។ ០៣-ឈ្មោះ​ សន សុខវីត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប កម្លាំងបានធ្វើតេស្តតាមរយ:ទឹកនោមស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើទាំងបី ដោយឈ្មោះ​ យឹម អង ហៅឆាង និងឈ្មោះ​ សន សុវីត លទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន ) ។

ជនសង្ស័យ​ខាងលើ​ ត្រូវបានកសាងសំណុំរឿង​ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ៕

មតិយោបល់