ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)

រាជធានីភ្នំពេញ:(យោងតាមផេក) អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង៤៤នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការ ជាមួយអធិការខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំណុចម្តុំវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ត្នោត) នៅចំណុចលើស្ពានព្រែកសំរោងត្រើយខាងកើត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧ និង៤០ នាទី និងចាប់យកម៉ូតូចំនួន ២គ្រឿង បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរតាមនីតិវិធី ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ ឡុង រតន: ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
២-ឈ្មោះ ហ៊ីម ជីងហុង ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ ។ ៣-ឈ្មោះសូត សំអាង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២០ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះ ឈ្មោះ រ៉េត ម៉ារី ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងរួមមាន ៖ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយនិច ពណ៌ ស-ខៀវ ឆ្នាំផលិត២០២១ លេខតួ-លេខម៉ាស៊ីន ៣៦៦០១២ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ ២០៧៧ -ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ ស-ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥១៥៥៣១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១JK ៥២០៦

ភស្តុតាងជារបស់ជនរងគ្រោះចាប់យករួមមាន ៖ -កាបូបយួរដៃ ពណ៌ត្នោត ក្នុងនោះមានកុំព្យូទ័រ ឡេបថប ម៉ាកDELL ពណ៌ខ្មៅចំនួន ០១ គ្រឿង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក , កាតវ៉ាក់សាំងចំនួន ០១ សន្លឹក , ប័ណ្ណសម្គាល់យានយន្តចំនួន ០១ សន្លឹក

ប្រពដដែលបានបន្តថា ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង៤០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ត្នោត) នៅចំណុចលើស្ពានព្រែកសំរោងត្រើយខាងកើត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ឈ្មោះឡុង រតន: ភេទប្រុស អាយុ១៧ ឆ្នាំ និងឈ្មោះ ហ៊ីម ជីងហុង ភេទ ប្រុស អាយុ១៦ឆ្នាំ បានធ្វើសកម្មភាពឆក់ កាបូបយួរដៃ ពណ៌ត្នោត ពីស្ត្រីម្នាក់កំពុងជិះ ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ១JQ ១៥១៩ ម្នាក់ឯង នៅចំណុចលើស្ពានព្រែកសំរោង ត្រើយខាងកើត ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូតាមពីក្រោយស្រែកថា ចោរៗ ហើយក៏មានកម្លាំងប្រជាការពារដេញតាមពីក្រោយ ជនសង្ស័យទាំងពីរនាក់ ក៏បានបោះកាបូបចោល រួចជនរងគ្រោះឈ្មោះ រ៉េត ម៉ារី ក៏បានរើសយកកាបូបរបស់ខ្លួនមកវិញ ។ នៅក្នុងកាបូបមាន កុំព្យូទ័រ ឡេបថប ម៉ាកDELL ពណ៌ខ្មៅចំនួន ០១ គ្រឿង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក , កាតវ៉ាក់សាំងចំនួន ០១ សន្លឹក , ប័ណ្ណសម្គាល់យានយន្តចំនួន ០១ សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់