ព័ត៌មានជាតិ

មួយថ្ងៃមានក្មេងប្រុស៣នាក់ លង់ទឹកស្លាប់ដោយឡែកពីគ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្មេងប្រុស៣នាក់ស្លាប់ដោយលង់ទឹក ក្នុងនោះមាន២នាក់លង់ទឹកស្រះនិង១នាក់លង់ទឹកស្ទឹង ។ ករណីក្មេងលង់ទឹកនេះបានកើតឡើង នៅស្រុកមង្គលបូរីនិងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ករណីទី១ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៣ ខែមីនា មានក្មេងប្រុស០១នាក់ឈ្មោះ ធឿន ចាន់ធីម ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី បានលង់ទឹកស្ទឹងស្លាប់។

នគរបាលបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានមកពីសាលារៀន ហើយបានចុះងូតទឹកស្ទឹងនៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ ដោយគ្មាននរណាដឹង ពេលបាត់ក្មេងដើររកក៏ឃើញស្លាប់នៅក្នុងស្ទឹង ។

ករណីទី០២ ៖ នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ នៅវេលាម៉ោង០៦និង២០នាទីយប់ ខែមីនា ឆ្នាំ២០២៣ មានក្មេងប្រុស០២នាក់ លង់ទឹកស្រះ ក្រោយវត្តទំនប់ដាច់ចម្ងាយ២០០ម៉ែត្រ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុសរងគ្រោះទាំង០២នាក់៖១/-ឈ្មោះ ម៉េង លីហួរ ភេទប្រុសអាយុ៥ឆ្នាំ,​ ២/-ឈ្មោះ ភស្ស លីហាន ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ុន សំ ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាយាយបង្កើត របស់ជនរងគ្រោះ បានប្រាប់ថា ក្មេងទាំង០២ តែងតែតាមម្ដាយរបស់គេទៅបោកខោអាវនៅស្រះខាងកើតលុះដល់វេលាម៉ោងប្រហែល០៥ល្ងាច បាត់ចៅទាំង០២នាក់ ក៏នាំគ្នាទៅរកនៅឯស្រះខាងកើត ក៏បានឃើញខោអាវចៅ(នៅនិងស្រះ)ពេលនោះសង្ស័យថា ចៅលង់ទឹកស្រះ បងប្អូនសាច់ញាតិក៏នាំគ្នាចុះរាវរកក៏ប្រទះឃើញ សព ឈ្មោះ ម៉េងលីហួរ លុះក្រោយមកទៀត ទើបរាវរកឃើញ សពឈ្មោះ ភស្ស លីហាន ម្នាក់ទៀត ៕

មតិយោបល់