ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ ០១នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់ : យោងតាមផេក អគ្គស្នងការដ្ឋាននគរជាតិនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៤៥នាទី រថយន្តដឹកស្រាបៀរមួយគ្រឿង រ៉េចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ ០១នាក់ រងរបួសធ្ងន់ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន ឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ មានរថយន្ដម៉ាកហ្វុយហ្សូ (FUSO) ពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0200 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានរ៉េចង្កូតមកខាងស្ដាំក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ៖ តាមការពិនិត្យនៅកន្លែងកើតហេតុ និងការផ្តល់ព័ត៌មានពីជនរងគ្រោះ មូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់ គឺអ្នកបើកបរងងុយដេក ។ ជនរងគ្រោះទី១ ឈ្មោះ អ៊ិន ណាក់ ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាអ្នកបើកបររថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២ឈ្មោះ ឌួង ថាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់ ជាអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។

បច្ចុប្បន្ន ចំពោះសពសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តសមត្ថកិច្ចបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ៕

មតិយោបល់