ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងស្រី២នាក់លង់ទឹកអាងកំពង់គោបណ្តាលអោយស្លាប់…

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បត្តិ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥នឹង៤០នាទី មានករណីក្មេងស្រីចំនួន ០២នាក់ លង់ទឹកអាងកំពង់គោ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅត្រង់ក្រុមទី៦ ភូមិវត្តកណ្ដាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំងពីរនាក់
១.ឈ្មោះ ណាក់ នីសា ភេទស្រី អាយុ១២ឆ្នាំ រស់នៅក្រុមទី៥ ភូមិវត្តកណ្ដាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង
២.ឈ្មោះ ម៉ៅ ដានី ភេទស្រី អាយុ ១១ឆ្នាំ រស់នៅក្រុមទី៣ ភូមិវត្តកណ្ដាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការស្រាវជ្រាវពីសមត្ថកិច្ច និងយោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ ដារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតខាងលើ បានរាយការណ៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១នឹង០០នាទី ខ្លួននិងប្អូនស្រីឈ្មោះ ម៉ៅ ដានី បាននាំគ្នាទៅលេងទឹកនៅអាងកំពង់គោជាមួយឈ្មោះ ណាក់ នីសា និងឈ្មោះ លក្ខិណា ពេលទៅដល់ប្អូនស្រីខ្លួននឹងឈ្មោះណាក់ នីសាបានលោតទឹកទាំងពីរនាក់ ចំណែកខ្លួននឹងឈ្មោះលក្ខិណាក៏លោតទឹកដែរ។ ក្រោយពេលលោតទឹករួច ទើបដឹងថាទឹកជ្រៅប្អូនស្រីខ្លួននឹងឈ្មោះនីសាលង់ទឹក ទើបខ្លួននិងឈ្មោះលក្ខិណាស្រវេស្រវ៉ាឡើងគោករួចរត់ទៅផ្ទះទៅប្រាប់ឪពុកម្ដាយ និងអ្នកជិតខាងឲ្យជួយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសង្កែ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុខាងលើ បានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ពិតជាលង់ទឹកអាងកំពង់គោស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

facebook

មតិយោបល់