ព័ត៌មានជាតិ

ស្លាប់១នាក់របួសស្រាល១នាក់ដោយជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុក

ពោធិ៍សាត់ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១និង១០នាទីរំលងអាធ្រាត មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់០១នាក់ រងរបួសស្រាល១នាក់ ហេតុការណ៍នេះកើតឡើងនៅលេីផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មត្រោយខាងកេីត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1E-7943 បេីកបរដោយឈ្មោះ សយ រ៉ាបែល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់និងអ្នករួមដំណើរជាមួយឈ្មោះ អាយ ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិសង្កាត់ជាមួយគ្នា(រងរបួសស្រាល) លុះមកដល់ចំណុចកើតហេតុខាងលើបានជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត០១គ្រឿងបុកយ៉ាងពេញទំហឹង ម៉ាកទេសចរណ៍របស់ក្រុមម៉ានិតVIP ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3D-3567 អ្នកបេីកបររត់គេចខ្លួនពីកន្លែងកេីតហេតុ(អញ្ញតជន)។ចំពោះអ្នករងរបួសស្រាលត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក កែ សារិក អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

រីឯរថយន្តនិងម៉ូតូខាងលើសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់