ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើងយកដាវនិងកាំបិតខ្វែវដេញកាប់គ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ…

ឧត្ដរមានជ័យ:យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា នាយប់ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទី ក្រោយពីទទួលព័ត៌មានថា៖ នៅចំណុចផ្លូវភ្លោះសួនបឹងស្នោ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុម យកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវដេញកាប់គ្នា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចុះស្រាវជ្រាវ និងបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើបានជាបន្តបន្ទាប់សរុបចំនួន ១០នាក់ និងដកហូតវត្ថុតាងរួមមាន ៖ ដាវសាម៉ូរ៉ៃ១ដើម កាំបិតខ្វែវ១ដើម កាំបិតសវែង២ដើម និងម៉ូតូ០២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននាំមកស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់