ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាងដេគ័រ៤នាក់ធ្វេសប្រហែសបង្កអគ្គិភ័យឆេះបណ្តាលអោយមនុស្សស្លាប់៨នាក់…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីធ្វេសប្រហែសបង្ករអគ្គីភ័យឆេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់(ស្រី០២នាក់) ប្រព្រឹត្តនៅចំណុចខារ៉ាអូខេ និងសណ្ឋាគារ6969 ឃីសអុិនធើធេនមិន ឯ.ក ស្ថិតនៅតាំងផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១០នាទី ។
ជនសង្ស័យ
១-ឈ្មោះ ខុម សុផល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។
២-ឈ្មោះ សយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។
៣-ឈ្មោះ ឡាក់ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេគ័រ ។
៤-ឈ្មោះ ខុន តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ផ្អែកតាមចម្លើយសារភាពរបស់ជាងដេគ័រឈ្មោះ ខុម សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានអះអាងថា៖ ពួកខ្លួន០៨នាក់ជាងផ្នែកដេគ័រ ០៣នាក់ធ្វើការជាន់ផ្ទាល់ដី ចំណែក០៥នាក់ធ្វើកោះពិដានដំបូលជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ ពួកខ្លួនកំពុងតែកោះពិដានក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដាកុងប្លាកេសាឡីកែវនៅលើពិដានបង្ករជាអណ្ដាតភ្លើងឡើង ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែលប៉ុនមេដៃបង្គប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគងនៅលើឆ្អឹងដែកចាប់ពិដានឆេះ ភ្លាមនោះរូបខ្លួននិងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ប៉ុន្តែមិនរលត់រិតតែឆេះយ៉ាងសន្ធោរសន្ធៅឡើង ក្រោយមកក៏មានកម្លាំងអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់ រលត់ជាស្ថាពរនៅវេលាម៉ោង២០:៣០នាទី នាថ្ងៃដដែល
បច្ចុប្បន្ន៖ ឯជនសង្ស័យទាំង០៤នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី ។

មតិយោបល់