ភ្នំពេញៈ នៅអំឡុងដើមខែកញ្ញាខាងមុខនេះ តារាចម្រៀងលោកប៊ុន សុខណារិន ហៅខេម នឹងធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីជាលើកទី១ ដែលដំណើរចាកចេញក្រៅប្រទេសរបស់លោកលើកនេះ ក៏ជាការចាកចេញបន្ទាប់ពីលោកបានផ្ទុះរឿងប៉ះទង្គិចនៅលើដងផ្លូវបណ្ដាលឲ្យមនុស្សបានស្លាប់នោះផងដែរ។
ការចាកចេញរបស់លោកនឹងធ្វើតែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មិនមែនជាគម្រោងចេញសម្ដែងនោះដែរ បើទោះជាលោកអាចនឹងមានការសម្ដែងមិនផ្លូវការតូចមួយដើម្បីស្វែងរកមូលនិធិជួយដល់អង្គការដើម្បីឲ្យអង្គការនេះមានចំណូលជួយដល់អ្នកក្រីក្រនៅកម្ពុជា។
លោក A 10 ជានិច្ច ប្រធានអង្គការ«ខ្ញុំខ្មែរ» និងជាអ្នកធានាតារាសិល្បៈរាប់មិនអស់ទៅច្រៀងនៅក្រៅប្រទេសបានអះអាងថា លោកនឹងធានាយកលោកខេមឲ្យទៅអូស្ត្រាលីរយៈពេល២សប្ដាហ៍នៅដើមខែក្រោយ បើទោះមិនទាន់ច្បាស់ថាការចេញដំណើរនឹងត្រូវថ្ងៃណា។ លោកនិយាយថា«គម្រោងនឹងដឹងតែបានទៅហើយ គឺចាំតែទូតឲ្យដាក់ថ្ងៃឲ្យទៅទេ ឲ្យតែគាត់ឲ្យចេញទៅថ្ងៃណា យើងយកគាត់(ខេម)ទៅថ្ងៃនឹង!។ លោកថាលោកខេមបានរៀបចំឯកសារតាមរយៈអង្គការលោកទៅកាន់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជារួចហើយ ដោយរង់ចាំតែទូតសម្រេចចុងក្រោយថា ឲ្យទៅសម្ភាសន៍ម្ដងទៀតពេលណា និងកំណត់ឲ្យចេញទៅថ្ងៃណាប៉ុណ្ណោះ។ លោកនិយាយថា«ខេមទៅនឹងអត់ច្រៀងទេ គឺខ្ញុំនាំទៅដើរលេង ប៉ុន្តែគាត់អាចច្រៀងលេងខ្លះៗគ្រាន់ធ្វើការរ៉ៃអង្គាសប្រាក់ជួយដល់អ្នកខ្សត់អីចឹងដែរ ចឹងហើយទើបគាត់ទៅតែកន្លះខែក៏មកវិញ!»។
លោកថាហេតុផលដែលនាំឲ្យលោកធានាតារាចម្រៀងខេមឲ្យចេញទៅអូស្រ្តាលី គឺដោយសារតែលោកធ្លាប់ធានាលោកខេមទៅច្រៀងរកប្រាក់នៅក្នុងប្រទេសកូរ៉េ និងមានទំនាក់ទំនងជាបងធម៌ប្អូនធម៌នោះផងទើបចង់ធានាយកតារារូបនេះទៅលំហែកាយម្ដង។ លោកនិយាយថា«ខ្ញុំរាប់អានខេមយូរហើយ ហើយចង់ឲ្យគាត់ទៅស្គាល់អង្គការខ្ញុំនៅអូស្រ្តាលីអីផងទើបយកគាត់ទៅលេង២សប្ដាហ៍ ហើយលូវចាំតែទូតឲ្យទៅថ្ងៃណានឹងចេញទៅភ្លាម»។ លោកថាគម្រោងចាកចេញប្រហែលស្ថិតក្នុងចន្លោះថ្ងៃ៤និងថ្ងៃ៩ កញ្ញា ទើបលោក និងលោកខេម ចាំបាច់រៀបរយគម្រោងចេញដំណើរឲ្យហើយ ដោយសារតែភាពជាក់ស្ដែងគឺអត់មានធ្លាក់សម្ភាសន៍នោះឡើយ ដោយសារតែលោកធ្លាប់ធានាតារារាប់មិនអស់ទៅអូស្ត្រាលី៕
មតិយោបល់