ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ បានកើតឡើងកាលវេលាម៉ោង ១ និង០០នាទី យប់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែមីនា នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធមបំផុត ដោយខ្លួនដាច់ជាពីរជាបីកំណាត់។
ប្រភពពីបុរសម្នាក់ ដែលបានឃើញហេតុការណ៍នោះ បានឲ្យដឹងថា មុនកើតពេលហេតុគាត់ឃើញ ស្រ្តីម្នាក់ជិះម៉ូតូ ឌ្រីម សង់ ២០១៦ មួយគ្រឿង តាមបណ្តោយផ្លួវវេងស្រេង ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តដឹកអុស ស្លាកលេខ ខម 6032 បើកក្នុងទិសដៅស្របគ្នា បានបុក និងកិនពីក្រោយបណ្តាលដាច់ខ្លួនជាច្រើនកំណាត់ បន្ទាប់មករថយន្តខាងលើ បានបើកគេចចូលក្នុងរោងចក្រ SL ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ សុខ វណ្ណ ធ្វើការនៅរោងចក្រ W& D Cambodia CO, LTD ផ្នែកផុង អត្តលេខ ៥០៣។ ក្រោយពេលកើតហេតុ សពរបស់នារីរងគ្រោះ ត្រូវបានប្តី និងសាច់ញាត្តិ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកផងដែរ ៕
មតិយោបល់