បាំងកក៖ មានគ្រោះអគ្គីភ័យមួយបានឆាបឆះនូវក្លឹបកម្សាន្តរាត្រីមួយកន្លែងនៅតំបន់ភូកែតប្រទេសថៃ។
នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់ភ្ញៀវទេសចរបរទេសចំនួន ០៤នាក់ និងមានអ្នករងរបួសជាច្រើននាក់ទៀត នេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពីមន្រ្ដីប្រចាំតំបន់។
អភិបាលខេត្តភូកែតគឺលោក Chamroen Tipayapongtada បានប្រាប់ទីភ្នាក់ងារ AFP តាមរយៈទូរស័ព្ទថា មានមនុស្ស ០៤នាក់ត្រូវបានស្លាប់ ដែលគេជឿថា ជាភ្ញៀវទេសចរបរទេស ប៉ុន្តែនៅមិនទាន់មានសេចក្តីបញ្ជាក់ឲ្យច្បាស់នោះទេ។
មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះ ខាងសមត្ថកិច្ចមិនបានរាយការណ៍ឲ្យដឹងនោះទេ តែតាមការសន្និដ្ឋានមិនជាផ្លូវការថា អាចបណ្ដាលមកពីភ្លើងបារី។
ចំពោះអ្នកស្លាប់ក្នុងហេតុការណ៍ខាងលើ នៅមិនទាន់ដឹងច្បាស់ថា ជនជាតិអ្វីខ្លះទេ តែតាមការឲ្យដឹងពីបុគ្គលិកមន្រ្ដីពេទ្យថា មានជនជាតិថៃមួយរូបផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា កន្លងទៅ មានស្ដ្រីជនជាតិអូស្រ្ដាលីមួយរូបបានស្លាប់នៅពេលខណៈពេលដែលចូលរួមជាមួយនឹងក្រុមបាតុករធ្វើបាតុកម្មនៅភូកែត ហើយក៏មានបងប្អូនស្រីចំនួន ០២រូបបានស្លាប់នៅក្នុងបន្ទប់សណ្ឋាគារនាកោះ Phi Phi ដោយមិនដឹងមូលហេតុ៕
មតិយោបល់