នាព្រឹកថ្ងៃដដែល ទី០៥ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីជំនួបសម្តែងការ គួរសមរវាងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានទទួលជួបជាមួយ ឯកឧត្តម Dherar Naser Al Tuwaijr ឯកអគ្គរដ្ឋទូតគុយវែតថ្មី នៃ សាធារណរដ្ឋគុយវែត ដែលមានវត្តមានដំបូងបំផុតនៅរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ ការទូត សេដ្ឋកិច្ច និងជាបេះដូង នៃព្រះ រាជាណាចក្រកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ឯកឧត្តមគឺជាអ្នកទីមួយ ហើយជាលើក ដំបូងបំផុត ដែលឯកឧត្តមបានមកបំពេញបេសកកម្មក្នុងនាមជាតំណាងប្រទេសរបស់ឯកឧត្តមប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា ក្នុងគោលបំណងរឹងចំណងកិច្ចសហប្រតិបត្តិការ ទ្វេរភាគីរវាងគុយវែត និងកម្ពុជាកាន់តែជិតស្និតថែមទៀត។
យោងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរកន្លង មក សរបញ្ជាក់ថាកម្ពុជាពិតជាមាន សុខសន្តិភាព សុវត្ថិភាពពេញលេញ ប្រាកដមែន ពិសេសរាជធានីភ្នំពេញដែលធ្លាប់មានប្រវត្តិ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បច្ចុប្បន្ន មានសន្ទុះ នៃការអភិវឌ្ឍន៍ស្ទើរមិនគួរឱ្យជឿ។ ឯកឧត្តម បានគាំទ្រទាំង ស្រុង និងបានកោតសរសើរ ស្នាដៃខិតខំប្រឹងប្រែងដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រោមគោលនយោបាយប្រកបដោយ សុភវិនិច្ឆ័យ ដែលបាន ប្រែក្លាយពីសង្រ្គាមឈ្លានពាន មកជួបតែសុខសន្តិភាព ពេញបរិបូរណ៍។ ទន្ទឹមនេះឯកឧត្តមក៍បានគូសបញ្ជាក់ទៀតថា ដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរកាន់តែ រីកចំរើនជាបន្តបន្ទាប់ទៀត សូមឱ្យស្ថានទូតមានកិច្ចទំនាក់ទំនងល្អ ជាមួយសាលារាជធានីភ្នំពេញក្នុងការអនុវត្តការងារ ចាំបាច់ ដែលត្រូវដោះស្រាយ ហើយក្នុងនាមតំណាងប្រទេសគុយវែត ឯកឧត្តមរង់ចាំជួយនិងដោះស្រាយជូនជានិច្ច។
ក្នុងឱកាសនដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅដោយបានគូសបញ្ជាក់ថា នេះគឺជាការចាប់ផ្តើមនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការមួយ ប្រកបដោយមានសារៈសំខាន់បំផុត ជាពិសេសចំពេល ដែល កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដូចនេះផ្សារភ្ចាប់ចំណងសាមគ្គីភាពកាន់តែជិតស្និត យើង គួរឆ្លៀតឱកាសស្វែងរកសកម្មភាពនានាក្នុងគោលដៅរឹតចំណងពង្រឹងកិច្ចសហប្រតិបតិ្តការឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមបានជម្រាបភ្ញៀវពីសកម្មភាពអនុវត្តរាជធានីភ្នំពេញ ដែលមានសន្ទុះជឿនលឿននៅប្រមាណឆ្នាំចុងក្រោយនេះ ក្នុងមានការរៀបចំលំនៅដ្ឋានប្រជាជន បញ្ហាការដោះស្រាយការកកស្ទះចរាចរណ៍ បរិស្ថាន និងឱកាសនៃការស្វែងរក ការវិនិយោគនៅរាជធានីភ្នំពេញ។ ក្នុងនាមប្រជាពលរដ្ឋទូទាំងរាជធានី ក៍ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូម ស្វាគមន៍ចំពោះវត្តមានដំបូងរបស់សាធារណរដ្ឋគុយវែតនៅកម្ពុជា ហើយសាលារាជធានីភ្នំពេញត្រៀមលក្ខណៈជួយ ជានិច្ចនៅពេលដែលស្ថានទូតត្រូវការ៕
ប្រភព៖ phnompenh.gov.kh
មតិយោបល់